អុញនោះ! Messi ដាក់ទៅ Mbappe វិញចំៗបែបនេះ ក្រោយគេថាពាន Euro ពិបាកឈ្នះជាង World Cup
(វ៉ាស៊ីនតោន)៖ ប្រទេសស្វីស នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពនៅអ៊ុយក្រែន ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនា ក្នុងគោលបំណងកៀរគរការគំាទ្រពីសហគមន៍អន្តរជាតិ សម្រាប់ផែនការសន្តិភាពរបស់លោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ក្នុងនោះរួមមានទាំងការទាមទារឱ្យដកកងទ័ពរុស្ស៉ីទាំងស្រុងពីអ៊ុយក្រែន។ ប៉ុន្តែរុស្ស៉ីមិនត្រូវបានអញ្ជើញឱ្យចូលរួម នោះទេ ហើយកិច្ចប្រជុំនេះក៏មិនមែនជាកិច្ចចរចាសន្តិភាពបញ្ចប់សង្រ្គាមនោះដែរ។ តែទោះជាបែបនេះក្ដី កិច្ចប្រជុំនេះនៅតែមានសារៈសំខាន់សម្រាប់អ៊ុយក្រែនក្រោមហេតុផល២យ៉ាង៖ ម្យ៉ាង អ៊ុយក្រែនចង់ក្ដាប់ឱកាសប្រមូលការគាំទ្រសម្រាប់ផែនការសន្តិភាពចំនួន១០ចំណុចដែលត្រូវបានលោក ហ្សេលេនស្គីប្រកាសកាលពីខែវិច្ឆិកា ឆ្នាំ២០២២។ ចំណុចទាំង១០នៃផែនការនេះ មិនមែនស្ថិតនៅក្នុងរបៀបវារៈទាំងអស់ទេ តែមានចំណុចខ្លះអាចនឹងត្រូវយកទៅប្រើជាចំណុចចាប់ផ្ដើមឆ្ពោះទៅរកសន្តិភាព។ រីឯហេតុផលទី២៖ នោះគឺតាមរយៈវត្តមានរបស់អ្នកតំណាងប្រទេស និងអង្គការអន្តរជាតិជិត៩០ កិច្ចប្រជុំកំពូលនេះនឹងក្លាយជាឱកាសឱ្យអ៊ុយក្រែនផ្ញើសារទៅកាន់ពិភពលោកថា «អ្នកទាំងអស់គ្នាឃើញទេ មិនមែនមានតែប្រទេសលោកខាងលិចទេដែលគាំទ្រ អ៊ុយក្រែន សូម្បីតែប្រទេសមិនមែនលោកខាងលិចជាពិសេសក្រុមប្រទេស Global South ក៏គាំទ្រអ៊ុយក្រែនដែរ»។
* តើគេអាចរំពឹងអ្វីខ្លះពីកិច្ចប្រជុំកំពូលក្នុងប្រទេសស្វីស?
កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនក្នុងប្រទេសស្វីស ត្រូវបានសម្រេចរៀបចំឡើង ក្រោយមានកិច្ចពិភាក្សា និងកិច្ចប្រជុំជាច្រើនធ្វើឡើងក្នុងទីក្រុង Copenhagen, Jeddah ប្រទេស Malta និងទីក្រុង Davos។ រដ្ឋាភិបាលស្វីសចង់ឱ្យកិច្ចប្រជុំកំពូលនេះបិទបញ្ចប់ទៅជាមួយការចេញសេចក្ដីថ្លែងការណ៍រួមមួយ ដែលទទួលបានការគំាទ្រជាឯកច្ឆន្ទពីសំណាក់អ្នកចូលរួមទាំងអស់។
ខណៈរុស្ស៉ីមិនត្រូវបានអញ្ជើញឱ្យចូលរួម និងទទូចថាកិច្ចប្រជុំកំពូលសន្តិភាពក្នុងប្រទេសស្វីស គ្មានន័យអ្វីទាំងអស់ដោយសារគ្មានវត្តមានរបស់ខ្លួន ប្រធានាធិបតីស្វីស លោកស្រី Viola Amherd បាននិយាយថាកិច្ចប្រជុំកំពូលនេះជា «ការបោះជំហានដំបូង» ឆ្ពោះទៅរកសន្តិភាពជាអចិន្ត្រៃយ៍ ពោលវាគឺជាការពង្រឹងកិច្ចសន្ទនាជាសកលដើម្បីធ្វើឱ្យប្រសើរឡើងនូវទស្សនវិស័យសម្រាប់ ការចរចាស្វែងរកដំណោះស្រាយមួយនៅពេលអនាគត។ កិច្ចប្រជុំកំពូលនេះនឹងផ្តោតលើចំណុចចំនួន៣ ក្នុងចំណោម១០ចំណុចនៃផែនការសន្តិភាពរបស់អ៊ុយក្រែនក្នុងនោះរួមមានសន្តិសុខ នុយក្លេអ៊ែរ សន្តិសុខស្បៀងអាហារ និងការដោះលែងឈ្លើយសឹក ព្រមទាំងកុមារអ៊ុយក្រែនដែលត្រូវបានចាប់ពង្រត់ទៅរុស្ស៉ី។ ចំណុចទាំង៣នេះត្រូវបានកំណត់យកធ្វើជាប្រធានបទសំខាន់ ដ្បិតវា អាចនឹងនាំទៅរកការចូលរួមជាវិជ្ជមានពីប្រទេសជាច្រើនជាមួយកម្រិតគាំទ្រអ៊ុយក្រែនផ្សេងៗគ្នា។ ម្យ៉ាងវិញទៀត ប្រធានបទសន្តិសុខនុយក្លេអ៊ែរ និងសន្តិសុខស្បៀងអាហារសុទ្ធសឹងតែអាចជះ ផលប៉ះពាល់យ៉ាងសម្បើមដល់ពិភពលោក ហើយចំណុចស្នូលនៃប្រធានបទទាំង២នេះទៀតសោត អាចនឹងជំរុញឱ្យបណ្ដាប្រទេសដែលមិនសូវបង្ហាញការគាំទ្រដល់អ៊ុយក្រែន កាន់តែមានឆន្ទៈ ចង់ចូលរួមក្នុងកិច្ចប្រជុំថ្មីណាមួយ។ យ៉ាងណាក៏ដោយ ខណៈកិច្ចប្រជុំកំពូលនេះនឹងផ្ដោតតែលើចំណុចទាំង៣ក៏ពិតមែន ក៏រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba បានធានាចំពោះ ប្រជាជនអ៊ុយក្រែនថារដ្ឋាភិបាលនឹងមិនបែរចេញពីផែនការ១០ចំណុចនោះទេ ហើយថាការសម្រេចយកចំណុចទាំង៣ធ្វើជាប្រធានបទសំខាន់គឺជាយុទ្ធសាស្ត្រមួយស្ថិតក្នុងប្លង់មេនៃយុទ្ធសាស្ត្រ របស់អ៊ុយក្រែន ដោយមិនមានការកែប្រែគោលដៅយុទ្ធសាស្ត្រអ្វីឡើយ។
* តើអ៊ុយក្រែនមានផលចំណេញអ្វីពីកិច្ចប្រជុំកំពូលនេះ?
ការប្រយុទ្ធតស៊ូរបស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៉ី មិនមែនកំណត់ត្រឹមតែនៅលើសមរភូមិប៉ុណ្ណោះទេ។ ការទូត សាធារណមតិសកល និងចំណាប់អារម្មណ៍របស់អន្តរជាតិ សុទ្ធតែមានឥទ្ធិពលលើ សមត្ថភាពរបស់អ៊ុយក្រែន ក្នុងការបន្តប្រយុទ្ធតតាំងជាមួយរុស្ស៉ី។ កិច្ចប្រជុំកំពូលសន្តិភាពនេះនឹងផ្ដល់ឱកាសឱ្យអ៊ុយក្រែន និងសម្ព័ន្ធមិត្តរបស់ខ្លួនបង្ហាញសាមគ្គីភាពទៅកាន់ពិភពលោក ហើយ អាចប្រើវេទិកានេះគូសបញ្ជាក់ពីផលប៉ះពាល់ និងឧក្រិដ្ឋកម្មដែលកើតចេញពីសង្រ្គាមរបស់រុស្ស៉ី។ ណាមួយ ការរៀបចំកិច្ចប្រជុំនេះធ្វើឡើងចំពេលពិភពលោកបានងាកទៅផ្ដោតលើសង្រ្គាមរវាង អ៉ីស្រាអែល និងក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាជាង៨ខែមកនេះ។ ដូច្នេះអ៊ុយក្រែននឹងចាប់យកឱកាសពីកិច្ចប្រជុំកំពូលក្នុងប្រទេសស្វីស ដើម្បីសាកល្បងទាញចំណាប់អារម្មណ៍របស់អន្តរជាតិ មកលើសង្រ្គាមនៅអ៊ុយក្រែនវិញ ក្នុងពេលដែលរុស្ស៉ីកំពុងមានប្រៀបនៅលើសមរភូមិ។
លើសពីនេះទៅទៀត ការសម្រេចចិត្តជ្រើសរើសការផ្តោតលើចំណុចទាំង៣ខាងលើ ក្នុងចំណោមផែនការសន្តិភាពទាំង១០ចំណុច វាក៏នឹងផ្ដល់ឱកាសផងដែរឱ្យអ៊ុយក្រែនធ្វើទំនាក់ទំនងជាមួយ បណ្ដាប្រទេសដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរុស្ស៉ី។ គោលដៅមួយរបស់ស្វីស និងអ៊ុយក្រែនសម្រាប់កិច្ចប្រជុំកំពូលសន្តិភាព នោះគឺការចូលរួមឱ្យបានច្រើនពីបណ្ដាប្រទេសនានា នៅជុំវិញ ពិភពលោក។ លិខិតអញ្ជើញត្រូវបានផ្ញើទៅកាន់ប្រទេស និងអង្គការអន្តរជាតិជាង ១៦០ ហើយគិតត្រឹមថ្ងៃទី១០ ខែមិថុនា មានប្រទេស និងអង្គការអន្តរជាតិជិត ៩០ បានបញ្ជាក់ពីការចូលរួមរបស់ ពួកគេ។ ក្នុងចំណោមបណ្ដាប្រទេសដែលបញ្ជាក់ថានឹងចូលរួមមានជិតពាក់កណ្ដាលមកពីបណ្ដាប្រទេសមិនមែននៅទ្វីបអឺរ៉ុប ក្នុងនោះរួមមាន ស៊ីលី ថៃ និងប្រទេសកាប់វែរជាដើម។ ប៉ុន្តែ បណ្ដាប្រទេសមានឥទ្ធិពលដូចជាប្រេស៊ីល តួកគី និងអាហ្វ្រិកខាងត្បូងមិនទាន់បញ្ជាក់ថាតើចូលរួមឬក៏អត់ទេ។ ចំណែក ឥណ្ឌា វិញថានឹងចូលរួម តែមិនទាន់ដឹងថាតើនរណានឹងធ្វើជាអ្នកតំណាង ក្នុងកម្រិតណាឡើយ។
* ចុះមានប្រផ្នូលអាក្រក់ដែរឬទេ?
បើទោះជាមានការប្រឹងប្រែងយ៉ាងសម្បើម ក្នុងនោះរួមមានទាំងការចេញសេចក្ដីថ្លែងការណ៍ និងការធ្វើបេសកកម្មនៅក្រៅប្រទេសរបស់លោក ហ្សេលេនស្គី ដើម្បីអំពាវនាវទៅកាន់បណ្ដាប្រទេស ដែលត្រូវបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសន្តិភាពក្នុងប្រទេសស្វីសក៏ដោយ ក៏គោលដៅនេះមិនអាចសម្រេចបានពេញលេញទេ។ មានប្រទេសមួយដែលអ៊ុយក្រែនប្រឹងទំនាក់ទំនង និងផ្តោត ខ្លាំងជាងគេនោះគឺចិន។ ជាបរាជ័យមួយសម្រាប់អ៊ុយក្រែន ចិនបានប្រកាសថាខ្លួននឹងមិនបញ្ជូនតំណាងណាម្នាក់ឱ្យចូលរួមឡើយ ខណៈប្រទេសសំខាន់មួយចំនួននៃក្រុមប្រទេស Global South ដូចជាអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថានក៏ត្រូវបានគេរំពឹងថាអាចនឹងអវត្តមានផងដែរ។
អ៊ុយក្រែនបានប្រកាន់ជំហរយ៉ាងប្រុងប្រយ័ត្នចំពោះចិន តាំងតែពីសង្រ្គាមផ្ទុះឡើងកាលពីឆ្នាំ២០២២មកម្ល៉េះ ដោយមិនហ៊ាននិយាយអ្វីធ្វើឱ្យប៉េកាំងទាស់ចិត្ត ឬអន់ចិត្តនោះទេ ទោះជាចិនប្រកាសពី ភាពជាដៃគូគ្មានព្រំដែនជារុស្ស៉ីក៏ដោយចុះ។ តែទោះជាបែបនេះក្ដី ការប្រកាសមិនចូលរួមរបស់ចិន ជារឿងមួយធ្វើឱ្យអ៊ុយក្រែនមិនអាចទ្រាំបានតទៅទៀត។ នៅឯវេទិកាសន្តិសុខ Shangri-La Dialogue ក្នុងប្រទេសសិង្ហបុរីកាលពីពេលថ្មីៗនេះ លោក ហ្សេលេនស្គីបានចោទប្រកាន់ចិនត្រង់ៗថាធ្វើជាឧបករណ៍នយោបាយរបស់រុស្ស៉ី ក្នុងការដាក់សម្ពាធមិនឱ្យបណ្ដាប្រទេសដទៃចូលរួម កិច្ចប្រជុំកំពូលសន្តិភាពក្នុងប្រទេសស្វីស។ តែប៉េកាំងបានច្រានចោលការចោទប្រកាន់នេះ។ កាន់តែយ៉ាប់ជាងនេះទៅទៀតសម្រាប់អ៊ុយក្រែន នោះគឺប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានសម្រេចចិត្ត មិនចូលរួមក្នុងកិច្ចប្រជុំសន្តិភាពដែរ ទោះជាលោក ហ្សេលេនស្គី ប្រឹងប្រែងបញ្ចុះបញ្ចូលដោយលើកឡើងថាអវត្តមានរបស់លោក បៃដិន ប្រៀបបានដូចជាការទះដៃអបអរសាទរ ទៅកាន់លោក វ្ល៉ាឌីមៀ ពូទីន ក្ដី។ អនុប្រធានាធិបតីអាមេរិក លោកស្រី Kamala Harris និងទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan នឹងធ្វើជាតំណាងសហរដ្ឋអាមេរិកចូលរួមកិច្ចប្រជុំស្ដីពី សន្តិភាពអ៊ុយក្រែនក្នុងប្រទេសស្វីស។
គួរបញ្ជាក់ថា កិច្ចចរចាលើកដំបូងរវាងរុស្ស៉ី និងអ៊ុយក្រែនបានធ្វើឡើងនៅប៉ុន្មានថ្ងៃ ក្រោយសង្រ្គាមផ្ទុះឡើង។ ប្រតិភូនៃប្រទេសទាំង២ ធ្លាប់បានជួបគ្នាក្នុងប្រទេសបេឡារុស និងក្រោយមកទៀត ជួបគ្នាសាជាថ្មីក្នុងទីក្រុងអ៉ីស្ដង់ប៊ូល ប្រទេសតួកគី នៅខែមីនា ឆ្នាំ២០២២។ តែកិច្ចចរចាទាំងនេះទទួលបរាជ័យ។ ផែនការសន្តិភាពដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន មិនមែនមានតែអ៊ុយក្រែន ខ្លួនឯងទេ ពោលរុស្ស៉ី និងចិនក៏មានរូបមន្តសន្តិភាពផងដែរ។ ក្នុងខែកញ្ញា ឆ្នាំ២០២២ លោក ហ្សេលេនស្គីបានចេញក្រឹត្យមួយដែលហាមឃាត់រាល់កិច្ចចរចាជាមួយលោក ពូទីន ហើយក្រុមមន្ត្រី អ៊ុយក្រែនវិញតែងតែបញ្ជាក់ជារឿយៗថាកិច្ចចរចាអាចធ្វើទៅបាន លុះត្រាតែទីក្រុងមូស្គូដកកងទ័ពរបស់ខ្លួនទាំងស្រុងចេញពីទឹកដីអ៊ុយក្រែន៕